ព័ត៌មាន​ចុង​ក្រោយ

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យលើកទង់ជាតិតៃវ៉ាន់ លើទឹកដីកម្ពុជា (Video inside)

facebookvid{683715505133577}
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរជាថ្មីម្តងទៀត ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសដែរថា នឹងមិនឱ្យមានការលើកទង់ជាតិថៃវ៉ាន់ នៅក្នុងពិធីណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ អធិបតេយ្យ ឯករាជ្យភាពរបស់ប្រទេសចិននោះដែរ។ សម្តេចបានបញ្ជាក់ថា កម្ពុជាបើកចំហរសម្រាប់ការវិនិយោគរបស់តៃវ៉ាន់ ប៉ុន្តែសម្រាប់រាល់ការពិធីជប់លៀង ឬពិធីផ្សេងៗនៅលើទឹកដីកម្ពុជា មិនឱ្យមានលើកទង់ជាតិតៃវ៉ាន់ ឬស្ថានតំណាងតៃវ៉ាន់ជាដាច់ខាត។

សម្តេចបានបញ្ជាក់ថា ជំហរនេះមិនមែនតែជំនាន់សម្តេចដឹកនាំនោះទេ ប៉ុន្តែជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយមានតាំងពីជំនាន់សម្តេចឪ នរោត្តម សីហនុ មកម្ល៉េះ។ ទន្ទឹមគ្នានឹងការលើកឡើងអំពីគោលនយោបាយចិនតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រេចទីបេ ក៏ដូចគ្នាដែរ។ សម្តេចថ្លែងថាកម្ពុជាមិនគាំទ្រចំពោះការចង់ផ្តាច់ខ្លួនរបស់ទីបេទេ ហើយកម្ពុជាចាត់ទុកថា ទីបេ គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ៕

Fresh News

លោក សម រង្ស៊ី ​ថា លោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់



មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាច​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម័យ​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម​កាល​ពី​ថ្ងៃទី​៣១ ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ដឹង​ថា មិន​អាច​ឈ្នះ​បក្ស​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម

តុលាការ​មិន​ទាន់​មាន​វិធានការ​ឃាត់​ខ្លួន​អតីត​ប៉ូលិស​ស្រុក​ស្អាង​៣​នាក់​នៅ​ឡើយ





តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​មាន​វិធានការ​ដើម្បី​ឃាត់​ខ្លួន​អតីត​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​តុលាការ​បាន​បិទ​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម​រួច​រាល់​ហើយ។ ការ​អះអាង​ពី​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បណ្ដេញ​ប៉ូលិស​ស្រុក​ស្អាង ទាំង ៣​នាក់​នោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ព្រួត​គ្នា​វាយ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ជាង ៣​ខែ​មុន ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល អះអាង​ថា គឺ​ខាង​តុលាការ​កំពុង​រង់ចាំ​ការ​យល់ព្រម​ចូល​ឆ្លើយ​បំភ្លឺ​ពី​ភាគី​ចុង​ចោទ។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរិទ្ធ វាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​វាយ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង នោះ​ហើយ។ លើស​ពី​នេះ តុលាការ​ក៏​ធ្លាប់​ចេញ​ដីកា​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ដែរ ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ ស្នើសុំ​លើក​ពេល៖ «ពាក់ព័ន្ធ​នឹង​មូលហេតុ សាកសួរ​មេធាវី​គេ​ទៅ! ខ្ញុំ​ឥត​មាន​ទៅ​លើក​រឿង​មូលហេតុ​គេ​សុំ​ម៉េចៗ ពាក់ព័ន្ធ​សំណុំ​រឿង​ហ្នឹង។ ឥឡូវ​ខ្ញុំ​កំណត់​កាលបរិច្ឆេទ​សិន ហៅ​អ្នក​ទាំង ៣ ចូល​ឡើង​វិញ»។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ស្នើសុំ​លើក​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ម៉ក់ ប៊ុណ្ណា បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ហើយ បាន​ដាច់​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ៣​នាក់​ព្រួត​គ្នា​វាយ​ដំ ក្រោយ​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​ត្រូវ​បាន​នគរបាល​ចោទ​ថា​ជា​ចោរ​ប្លន់។

ប៉ូលិស​ទាំង ៣​នាក់​រួម​មាន អនុសេនីយ៍ទោ ភក្ដី វិទូ អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អនុសេនីយ៍ទោ ឆៃ ស៊ីណា នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​អនុសេនីយ៍ត្រី ឃាង សុងថេង នាយ​រង​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើត​ហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​សម្លាប់​បុរស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ធ្លាប់​បញ្ជាក់​ថា ពួក​គេ​បាន​លាក់​មុខ​រហូត និង​មិន​ដែល​ឃើញ​វត្តមាន​នៅ​កន្លែង​បំពេញ​ការងារ​ឡើយ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក។

ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​ប្រកាស​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​មូលហេតុ​បោះបង់​ការងារ​ចោល។ បន្ថែម​ពី​នេះ ប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ពួក​គេ ក៏​ត្រូវ​កាត់​ផ្ដាច់​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា បញ្ជាក់​ថា ការ​បណ្ដេញ​មន្ត្រី​ទាំងនោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ គឺ​គ្រាន់​តែ​ជា​ការ​ពិន័យ​តាម​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ រីឯ​តាម​គោលការណ៍​ច្បាប់​វិញ ប្រសិន​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង មិន​ថា​ជា​មន្ត្រី​រាជការ ឬ​ជា​តំណាងរាស្ត្រ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​ទៅ​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់៖ «ប្រសិន​តុលាការ​យល់​ថា​ជន​ទាំង ៣​នាក់ គឺ​ជា​ជន​ល្មើស អ៊ីចឹង​តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ ចេញ​ដីកា​ឃាត់​ខ្លួន​ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​សិទ្ធិ​បំពេញ​ការងារ»។

ការ​ស្វែងរក​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់ ត្រូវ​បាន​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់​ថា គឺ​ទាល់​តែ​មាន​លិខិត ឬ​ដីកា​ពី​តុលាការ​ជា​មុន​សិន៖ «បើ​តុលាការ​មិន​ទាន់​ចេញ​លិខិត​ឲ្យ​ខ្ញុំ​សព្វគ្រប់​ផង ហើយ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច»។

ថ្វីត្បិតតែ​មន្ត្រី​នគរបាល​ទាំង ៣​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ និង​ធ្លាប់​ផ្ដល់​សំណង​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ក្ដី ប៉ុន្តែ​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) លោក​មេធាវី ហុង គឹមសួន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​តុលាការ​រក​ឃើញ​ថា ប៉ូលិស​ទាំង ៣​នាក់​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សម្លាប់​មនុស្ស​ដោយ​ចេតនា តាម​ផ្លូវ​ច្បាប់ ពួក​គេ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។

អ្នក​ច្បាប់​រូប​នេះ​ក៏​បន្ថែម​ថា ទោស​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ប៉ូលិស​ទាំង ៣​នាក់​នោះ​តាម​ច្បាប់​ព្រហ្មទណ្ឌ ថ្វីត្បិតតែ​មាន​ការ​ទូទាត់​សំណង​ក្ដី ព្រោះ​សំណង​នោះ​គ្រាន់​តែ​ជា​សង​ជា​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ និង​មិន​អាច​បញ្ចប់​នីតិវិធី​ត្រឹម​លុយ​កាក់​ឡើយ៕

RFA
ដោយ រាជ វិញ្ញូ

ពលរដ្ឋ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១​ពាន់​គ្រាប់

គ្រាប់​ផ្លោង​ធុន ៦០​មិល្លីម៉ែត្រ និង​គ្រាប់​បែក​ដៃ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ រូបថត​សហគមន៍



អាជ្ញាធរ និង​នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​ថ្មី ឬ​ត្រួសត្រាយ​ដី​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម។ ការ​ក្រើន​រំឭក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​ប្រភេទ​ជាង ១.០០០​គ្រាប់ នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប។

អ្នក​ភូមិ​នៃ​ឃុំ​អន្លង់រាប ស្រុក​វាលវែង បារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដោយ​អ្នក​ភូមិ​ខ្លះ​មាន​គ្រោះថ្នាក់ និង​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​មូលដ្ឋាន​ពួក​គេ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប លោក ធៀប មាស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ថា រូប​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត​នៅ​ស្រុក​វាលវែង ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​ការ​ប្រឈម​បញ្ហា​ផ្សេង​ទៀត ព្រោះ​អ្នក​ស្រុក​ភាគច្រើន​ចូល​ព្រៃ​ធ្វើ​ស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត។ លោក​កាន់​តែ​ភ័យ​ខ្លាច​ចំពោះ​គ្រាប់​មីន ក្រោយ​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​នៅ​ភូមិ​លោក៖ «ប៉ុន្មាន​ថ្ងៃ​មុន​ឮ​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ទៅ​ជីក​គល់​បេង​ម៉េច ប៉ះ​មីន​ផ្ទុះ​ងាប់ តែ​បើ​អត់​ធ្វើ​ទៅ វា​អត់។ ខ្ញុំ​ត្រាយ​ព្រៃ​ធ្វើ​ចម្ការ​ដាំ​ដូចជា​ល្ង និង​ពោត អី។ បើ​គេ​បាន​មក​ធ្វើ​ការ​រាល់​ខែ រាល់​ថ្ងៃ​ទៅ​វា​គង់​តែ​ប្រជាជន​យើង​អាច​ហ៊ាន​ដើរ​អត់​ញញើត»។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បញ្ជាក់​ថា គ្រាប់​ដែល​បាន​ប្រទះ​ឃើញ​ទាំងនោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) កម្ទេច​ចោល​អស់​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា។ លោក​ថា ក្នុង​ឆ្នាំ​២០១៦ មាន​ករណី​ផ្ទុះ​មីន ៦​ករណី បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ដាច់​ដៃ​ជើង​ជាច្រើន​នាក់ ជាពិសេស​កើត​ឡើង​នៅ​ឃុំ​អន្លង់រាប៖ «អូ! អា​ហ្នឹង​សម្បូរ​ណាស់​នៅ​ស្រុក​ខ្ញុំ​នេះ នៅ​អន្លង់រាប តំបន់​គ្រាប់​ច្រើន​ជាង​គេ​ហើយ មាន​ដាច់​ដៃ ដាច់​ជើង ងាប់​អ៊ីចឹង​ជា​ញឹកញយ​អ៊ីចឹង​ដែរ។ ខាង​ស៊ីម៉ាក់ និង​ហេឡូត្រាស់ សម្អាត​តែ​រហូត​តើ!»។

គ្រាប់​ដែល​អ្នក​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង នៃ​ឃុំ​អន្លង់រាប ប្រទះ​ឃើញ​នោះ​មាន ៧​ប្រភេទ សរុប​ចំនួន ១.១៥០​គ្រាប់ ដូចជា​គ្រាប់​ប្រភេទ​ត្បាល់ ១២០​មិល្លីម៉ែត្រ និង​គ្រាប់​ប៉ូតែត ភីជី ៧ (PG7) ជាដើម។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ដោះ​មីន​ប្រចាំ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​ទាំង​អធិការ និង​អភិបាល​ស្រុក​វាលវែង អះអាង​ថា មន្ត្រី​ដោះ​មីន​ស៊ីម៉ាក់ និង​ហេឡូត្រាស់ (HELLOTRUST) កំពុង​ប្រតិបត្តិការ​ដោះ​មីន​នៅ​ឃុំ​ថ្មដា និង​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ស្រុក​វាលវែង។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​កសិករ​បង្កើន​ការ​ប្រុង​ប្រយ័ត​ចំពោះ​បញ្ហា​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ពេល​ចូល​ធ្វើ​ស្រែ​ចម្ការ ឬ​តាំង​ទី​លំនៅ​លើ​ដី​ថ្មី៖ «មុន​នឹង​អាស្រ័យ​ផល ឬ​ដាំ​ដុះ​អី​ហ្នឹង​ធ្វើ​ម៉េច​ទាក់ទង​ខាង​មន្ត្រី​ជំនាញ​ទៅ​រក​មីន មាន​ទាំង​ស៊ីម៉ាក់ ឬ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​រុក​រក​មីន​ឲ្យ​មក​ជួយ ដើម្បី​ធ្វើ​ម៉េច​បង​ប្អូន​យើង​អាច​អាស្រ័យ​ផល​ទៅ​មាន​សុវត្ថិភាព»។

ទឹក​ដី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គឺ​ជា​សមរភូមិ​ក្ដៅ​ចុង​ក្រោយ​របស់​ទាហាន​ខ្មែរ​ក្រហម តស៊ូ​ប្រយុទ្ធ​ជាមួយ​ទាហាន​របស់​រដ្ឋាភិបាល​នៅ​ចុង​ឆ្នាំ​១៩៩៨៕

RFA
ដោយ ជិន ជេដ្ឋា

ពលរដ្ឋ​ស្រុក​កោះសូទិន​ចាប់​ផ្ដើម​បោះបង់​របរ​តម្បាញ​ហូល​ផាមួង​រួច​ធ្វើ​ចំណាក​ស្រុក

លោកស្រី សេក អៃ ជា​អ្នក​ប្រកប​មុខ​របរ​តម្បាញ​ហូល​នៅ​ភូមិ​ព្រែកចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna



ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ចាប់​ផ្ដើម​បោះបង់​មុខ​របរ​តម្បាញ​ហូល​ផាមួង​ជា​បន្តបន្ទាប់ ដែល​ជា​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ ចេះ​តែ​បាត់បង់ គឺ​ក្រោយ​ពេល​តម្លៃ​ហូល​កាន់​តែ​ធ្លាក់​ចុះ រីឯ​តម្លៃ​សូត្រ​កាន់​តែ​ឡើង​ខ្ពស់។

បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​ស្រុក​មួយ​ចំនួន​នាំ​គ្នា​ចំណាក​ស្រុក​ជា​ហូរហែ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​ឲ្យ​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ អ្នក​ភូមិ​មួយ​ចំនួន​បារម្ភ​ថា មុខ​របរ​តម្បាញ​នេះ នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ​មិន​ខាន ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត​នោះ។

ស្នូរ​កី​តម្បាញ​ហូល​ដែល​ចេញ​ពី​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ល្វេ គឺ​ជា​ស្នូរ​បង្ហាញ​ពី​មុខ​របរ​ប្រពៃណី​របស់​អ្នក​ស្រុក ដែល​ពួក​គាត់​បាន​ថែរក្សា​បន្ត​ពី​ដូនតា​របស់​ពួក​គេ​មក។

«សំឡេង​ស្នូរ​កី​តម្បាញ»

ស្នូរ​កី​តម្បាញ​ដែល​អ្នក​ស្រុក​អះអាង​ថា ពី​មុន​មក​ធ្លាប់​ឮ​ស្ទើរ​តែ​គ្រប់​ផ្ទះ​នោះ ចាប់​ផ្ដើម​ថយ​ចុះ​បន្តិច​ម្តងៗ ដោយសារ​តម្លៃ​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឧបករណ៍​តម្បាញ​ខ្លះ​គេ​ទុក​ចោល ចំណែក​ពលរដ្ឋ​នាំ​គ្នា​ចំណាក​ស្រុក ជាដើម។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកចង្ក្រាន មួយ​រូប លោកស្រី សេក អៃ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​លោកស្រី​បច្ចុប្បន្ន គឺ​មាន​អ្នក​ភូមិ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​នេះ ហើយ​មាន​អ្នក​ស្រុក​ជាច្រើន​នាំ​គ្នា​ទៅ​រក​ការងារ​នៅ​ឆ្ងាយៗ​ពី​ស្រុក​កំណើត ពិសេស​ទៅ​ក្រៅ​ប្រទេស​តែ​ម្តង។ លោកស្រី​រៀបរាប់​ពី​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បោះបង់​មុខ​របរ​នេះ​ចោល ពីព្រោះ​តម្លៃ​សូត្រ​បច្ចុប្បន្ន​កាន់​តែ​ឡើង​ខ្ពស់ រីឯ​តម្លៃ​ហូល​លក់​ចេញ​វិញ គឺ​កាន់​តែ​ធ្លាក់ចុះ៖ «ហូល​ហ្នឹង​វា​ចេះ​តែ​ចុះ​ថ្លៃ សូត្រ​ហ្នឹង​វា​ឡើង​ថ្លៃ ហើយ​ខ្ញុំ​ត្បាញ​យូរៗ​ទៅ វា​អស់​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៀត។ សព្វថ្ងៃ​ភ័យ​ព្រួយ​ខ្លាច​អត់​លុយ​ឲ្យ​កូន​ទៅ​រៀន»។

ប្រភព​ដដែល​និយាយ​ទៀត​ថា តម្លៃ​ហូល​ចុះ​ថោក គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ លោកស្រី​ថា កាល​ពី​មុន ពួក​គាត់​អាច​លក់​ហូល​ក្នុង​មួយ​ក្បិន​មាន​តម្លៃ ៧០​ដុល្លារ​ទៅ ៨០​ដុល្លារ ឬ​ស្មើ​ប្រមាណ ៣០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន គឺ​លក់​ចេញ​បាន​តម្លៃ​ចន្លោះ​ពី ៨​ម៉ឺន​រៀល​ទៅ ១៦​ម៉ឺន​រៀល ឬ​ចន្លោះ​ពី ២០​ដុល្លារ​ទៅ ៤០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ក្បិន។ លើស​ពី​នេះ នៅ​ពេល​ហូល​មាន​តម្លៃ​ខ្ពស់ កាលណោះ​តម្លៃ​សរសៃ​សូត្រ​មាន​តម្លៃ​ថោក។ លោកស្រី​រំឭក​ថា ពេល​នោះ​តម្លៃ​សរសៃ​សូត្រ​មួយ​ដុំ​ដែល​មាន​ទម្ងន់ ២​គីឡូក្រាម មាន​តម្លៃ ៤០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ថ្លៃ​ជិត ១០០​ដុល្លារ​ក្នុង​មួយ​ដុំ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោកស្រី យ៉ែន ថារី ឲ្យ​ដឹង​ថា ហូល​ក្នុង​មួយ​កី​មាន​ចំនួន ១៧​ក្បិន ហើយ​ក្នុង​មួយ​ក្បិន​មាន​ចំនួន ២​សំពត់។ លោកស្រី​បញ្ជាក់​ថា ក្នុង​មួយ​កីៗ​ពួក​គាត់​អាច​ប្រើ​រយៈពេល​ពី ៣ ទៅ ៤​ខែ​ចំពោះ​អ្នក​ដែល​ត្បាញ​រហ័ស ហើយ​អង្គុយ​ត្បាញ​ជាប់ ប៉ុន្តែ​សម្រាប់​អ្នក​ត្បាញ​យឺត​វិញ ពួក​គាត់​ត្រូវ​ចំណាយ​ពេល​ពី ៦​ខែ​ទៅ ៧​ខែ​ទើប​រួច។ ស្ត្រី​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ​បែប​នេះ ក្មេង​ជំនាន់​ក្រោយ​ប្រហែល​ជា​មិន​បាន​ស្គាល់​មុខ​របរ​ប្រពៃណី​មួយ​នេះ​ទៀត​ទេ ហើយ​ការ​ចំណាក​ស្រុក​នឹង​កើត​មាន​បន្ត​ទៀត។ ប៉ុន្តែ​លោកស្រី​យល់​ថា ប្រសិន​តម្លៃ​ហូល​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ខ្ពស់​វិញ ប្រជាពលរដ្ឋ​ចំណាក​ស្រុក​នឹង​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជាក់​ជា​មិន​ខាន៖ «ប៉ះពាល់​ជីវភាព ថ្ងៃ​ក្រោយ​ទៅ កូន​ចៅ​នឹង​មិន​ដឹង​ស្គាល់​តម្បាញ​ហ្នឹង​ឬ​អត់? ថ្ងៃ​ក្រោយ​ប្រហែល​ជា​មិន​ស្គាល់​ទេ​មើល​ទៅ អត់​ពី​ចាស់ៗ​ទៅ»។

ភូមិ​ព្រែកចង្ក្រាន គឺ​ជា​ភូមិ​មួយ​ដែល​ធ្លាប់​ល្បីល្បាញ​កាល​ពី​ដើម​មក ពីព្រោះ​តែ​មុខ​របរ​តម្បាញ​ហូល​ផាមួង។ អ្នក​ភូមិ​ដែល​មាន​កូន​ស្រី កម្រ​នឹង​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ណាស់ ដោយសារ​មាន​មុខ​របរ​ប្រចាំ​ត្រកូល​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ កូន​ស្រី​របស់​អ្នក​ភូមិ​ជាច្រើន​ចាប់​ផ្ដើម​នាំ​គ្នា​ចំណាក​ស្រុក។

រូប​សំណាក​ស្ត្រី​កំពុង​តម្បាញ​ហូល និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna

អ្នក​ភូមិ​មួយ​រូប​ទៀត លោកស្រី ហោ ណារុំ បញ្ជាក់​ថា លោកស្រី​រីករាយ​ដែល​បាន​បន្ត​មុខ​របរ​ប្រពៃណី​ពី​ដូនតា​មក ពីព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​រក្សា​អត្តសញ្ញាណ​របស់​ជាតិ​ផង ប៉ុន្តែ​លោកស្រី​មិន​សប្បាយ​ចិត្ត​ឡើយ ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ​ខ្លាំង ម្យ៉ាង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទេ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ៖ «និយាយ​មួយ​ចំណុច​ហ្នឹង គឺ​មិន​សប្បាយ​ចិត្ត​ទេ​លោកគ្រូ! គឺ​ពិបាក​ចិត្ត​ក្នុង​ការ​ធ្វើ ដូច​ថា​ធ្វើ​មិន​បាន​ហូប ខាត ហើយ​ទៅ​ជំពាក់​គេ»។

ឃុំ​ល្វេ មាន​ភូមិ​ចំនួន​១០ ហើយ​ភូមិ​ដែល​មាន​ពលរដ្ឋ​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​មាន​ចំនួន ៤​ភូមិ រួម​មាន​ភូមិ​ព្រែកចង្ក្រាន ភូមិ​ព្រែកតាកែ ភូមិ​ល្វេលើ និង​ភូមិ​ល្វេក្រោម។ ភូមិ​ទាំង​បួន​នេះ ក្នុង​មួយ​ភូមិៗ​អាច​មាន​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​កំពុង​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង។

ជំទប់​ទី​១ ឃុំ​ល្វេ លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ​ពិត​ជា​មាន​ការ​ធ្លាក់​ចុះ​ប្រាកដ​មែន។ លោក​កត់​សម្គាល់​ថា ដោយសារ​បញ្ហា​តម្លៃ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន​ចំណាក​ស្រុក ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​ប្រកប​មុខ​របរ​នេះ ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ និង​ទាល់ មិន​អាច​ចេញ​ពី​ស្រុក​កំណើត​បាន​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​ថ្នាក់​លើ ហើយ​ឃើញ​មាន​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​ចុះ​មក​ជួប​ពលរដ្ឋ​ម្តង ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ។ ជំទប់​ឃុំ​រូប​នេះ​សោកស្ដាយ ប្រសិន​បើ​មុខ​របរ​តម្បាញ​ហូល​របស់​អ្នក​ស្រុក​ត្រូវ​បាន​បាត់បង់៖ «ប្រពៃណី​នៃ​ការ​ធ្វើ​ហូល​នេះ គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ភូមិ​ល្វេ និង​ភូមិ​ព្រែកចង្ក្រាន នេះ។ អ៊ីចឹង​បាន​ថា​បើ​ការ​ដោះស្រាយ​ហ្នឹង​មិន​ទាន់​បាន​ទេ គឺ​យើង​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង»។

មុខ​របរ​តម្បាញ​ហូល​ផាមួង គឺ​ជា​អត្តសញ្ញាណ​របស់​អ្នក​ស្រុក​កោះសូទិន ពីព្រោះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ធ្វើ​រូប​សំណាក​ស្ត្រី​បី​នាក់​អង្គុយ​តម្បាញ និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​ថែម​ទៀត​ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មករា ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ហូល និង​ការ​កើន​ឡើង​នៃ​តម្លៃ​សរសៃ​សូត្រ​នោះ​ទេ ពីព្រោះ​ពលរដ្ឋ​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ខាង​ក្រសួង​មិន​បាន​គ្រប់គ្រង​ឡើយ ម្យ៉ាង​រឿង​តម្លៃ​ទំនិញ​គឺ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម។ យ៉ាង​នេះ​ក្តី លោក​ថា​ប្រសិន​បើ​មាន​សំណើ​ពី​ពលរដ្ឋ​ជា​ផ្លូវ​ការ គឺ​ងាយ​ស្រួយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ ម្យ៉ាង​ពលរដ្ឋ​គប្បី​ចងក្រង​ជា​សមាគមន៍ ព្រោះ​អាច​មាន​ប្រសិទ្ធភាព​ជាង​ការ​លើក​ឡើង​ដាច់​ដោយឡែក​ពី​គ្នា៖ «ជុំវិញ​បញ្ហា​ហ្នឹង​មក​ដល់​យន្តការ​ដែល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​ហើយ។ យន្តការ​នៃ​ក្រុម​ការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធន់​តូច និង​មធ្យម​ជា​ដៃគូ​រវាង​វិស័យ​រដ្ឋាភិបាល និង​ឯកជន»។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ចែង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជូន​កសិករ ឬ​សិប្បករ​ទាំងនោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ស្ថាប័ន​របស់​រដ្ឋ​មាន​ច្រើន ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​របរ​ប្រពៃណី​របស់​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ឡើយ។ លោក​បញ្ជាក់​ថា មុខ​របរ​មួយ​នេះ គឺ​មាន​សារសំខាន់ ព្រោះ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ និង​ជា​ការ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ ជាដើម៖ «ធាតុ​ប្លែក​នៃ​ស្រុក ឬ​ភូមិ​មួយៗ​ហ្នឹង​ហើយ ដែល​ជា​តម្លៃ​វប្បធម៌​ដ៏​ធំ​ណាស់​បាទ ដែល​មិន​អាច​កាត់​ផ្តាច់​បាន»។

លោក យង់ គិមអេង បន្ថែម​ថា មុខ​របរ​បែប​នេះ គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៀត​ផង ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ទីផ្សារ​លក់ដូរ​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​តម្លៃ​មួយ​សមរម្យ ដែល​ជួយ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​កាន់​តែ​ប្រសើរ ពិសេស​ទីផ្សារ​នៅ​ក្រៅ​ប្រទេស ជាដើម៕

RFA
ដោយ សូត សុខប្រាថ្នា

ក្រុម​អង្គការ​ជាង​៣០​ស្ថាប័ន​អំពាវនាវ​រក​យុត្តិធម៌​ជូន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ដែល​លង់​ទឹក​ស្លាប់

រូបថត​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ កាល​ពី​៣​ឆ្នាំ​មុន។ Photo Provided



ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​រូប ដែល​លង់​ទឹក​ស្លាប់​នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ក្រុម​អង្គការ​ទាំងនោះ​ចាត់​ទុក​ការ​បណ្ដែតបណ្ដោយ​មិន​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រងគ្រោះ នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សន្តិសុខ សុវត្ថិភាព យុត្តិធម៌ និង​សិទ្ធិ​របស់​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​ប្រកប​ការងារ​ងាយ​រងគ្រោះ លើក​ឡើង​ថា នៅ​ពេល​ដែល​ស្ត្រី​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​រើសអើង ការ​មាក់ងាយ​នៅ​ក្នុង​សង្គម នឹង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ និង​ការ​គំរាម​កំហែង​គ្រប់​រូបភាព​រហូត​ដល់​អ្នក​រងគ្រោះ​បាត់បង់​ជីវិត។

ក្រុម​ដដែល​នេះ​បាន​យក​ការ​ស្លាប់​របស់​នាង ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ គឺ​ជា​ករណី​ជាក់ស្ដែង​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល​ឋិត​ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ចេញ​លិខិត​ចំហ មាន​ប្រសាសន៍​ថា ដ្បិត​តែ​នាង ប៉ែន សុគន្ធា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ នាង​ក៏​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​លើ​បទដ្ឋាន​ច្បាប់​ដែល​គាំពារ​សិទ្ធិ​ស្ត្រី និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​នានា៖ «»។

នៅ​ក្នុង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​ស្នើ​ថា ក្រសួង​កិច្ច​ការនារី អន្តរាគមន៍​តាម​ការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ និង​គ្រួសារ។ ជាមួយ​គ្នា​នេះ ក៏​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ឲ្យ​អនុវត្ត​តាម​នីតិវិធី ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ និង​លុប​បំបាត់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា សហការ ពង្រឹង​បន្ថែម​នូវ​យន្តការ និង​បរិយាកាស​គាំពារ​តម្លៃ និង​សិទ្ធិ​ស្ត្រី ដោយ​ផ្ដល់​សេវា​ផ្លូវ​ច្បាប់ សេវា​សុខភាព និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត​ក្នុង​ន័យ​ទប់ស្កាត់ និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​ការ​មាក់ងាយ​ក្នុង​រូបភាព​ផ្សេងៗ។

ចំណែក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្នុង​ការ​គំរាម​កំហែង ចុះ​បង្ក្រាប និង​ប្រើ​ហិង្សា​លើ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ធ្វើ​ការ​តាម​គ្រឹះស្ថាន​សេវា​កម្សាន្ត​ក្រោម​រូបភាព​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់។

ឆ្លើយតប​នឹង​សំណើ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​សន្តិសុខ​ដែល​ជា​ប្រជា​ការពារ បាន​ជួយ​ច្រើន​ទៅ​ដល់​ការងារ​របស់​អាជ្ញាធរ​នៅ​តាម​ខណ្ឌ​នីមួយៗ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រំឭក​នៅ​ក្នុង​លិខិត​ចំហ​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បាន​ដេញ​តាម​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ក្នុង​ពេល​នោះ មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ គឺ​នាង ប៉ែន សុគន្ធា បាន​ធ្លាក់​ទឹក​នៅ​ម្ដុំ​ចំណត​ទូក​ទេសចរណ៍ ហើយ​នាង​បាន​លង់​ទឹក​ស្លាប់​ដោយ​សព​របស់​នាង​ត្រូវ​គេ​រក​ឃើញ​នៅ​ពីរ​ថ្ងៃ​បន្ទាប់។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​បំពេញ​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​តាម​ធម្មតា ពុំ​មាន​អ្វី​ប្លែក​ទេ។ លោក​បន្ត​ថា ករណី​នេះ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​នៅ​ឡើយ៖ «»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ បាន​ស្នើ​តាម​រយៈ​ប្រធាន​សភា​ទៅ​ក្រសួង​ចំនួន​៣ ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់​នាង ប៉ែន សុគន្ធា ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការ​នារី។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ចារ​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​ទាំង​៣ នោះ​រួច​រាល់​ហើយ​ដែរ។

ក្នុង​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុម​អ្នក​តំណាងរាស្ត្រ​ស្នើ​ឲ្យ​សុំ​បង្កើត​គណៈកម្មការ​អព្យាក្រឹត ដើម្បី​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា។ ក្នុង​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ការ​កសាង​សំណុំ​រឿង​ដែល​អាច​ឈាន​ទៅ​ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ។ ចំណែក​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ជំរុញ​វិធានការ​ផ្លូវ​ច្បាប់​ក្នុង​ករណី​នេះ និង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បកស្រាយ​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រុម​សន្តិសុខ។

ឆ្លើយតប​នឹង​លិខិត​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​បញ្ជូន​លិខិត​នេះ​បន្ត​ទៅ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ស្ថាប័ន​លោក​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​សំណុំ​ឯកសារ​ទាំងនេះ​ហើយ។

ចំណែក​មន្ត្រី​នៅ​ក្រសួង​កិច្ចការ​នារី ក៏​ធ្លាប់​បញ្ជាក់​ថា ក្រសួង​មិន​បាន​មើល​រំលង​ករណី​នេះ​ដែរ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី លោក ស ខេង បាន​ដាក់​បទបញ្ជា​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ជូន​ដំណឹង​ត្រឡប់​ទៅ​រដ្ឋសភា​វិញ៖ «»។

ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​នាង ប៉ែន សុគន្ធា។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​ដែល​អ្នកស្រី​ចង់​ឃើញ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ស៊ើប​អង្កេត និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន និង​ក្រុម​គ្រួសារ​នាង ប៉ែន សុគន្ធា៖ «»។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួនច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍ ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេសាប។

អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា សន្តិសុខ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​អ្នក​ជួយ​នាង ប៉ែន សុគន្ធា ឡើយ។ សព​របស់​នាង ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ សុគន្ធា បាន​បន្សល់​ទុក​កូន​ប្រុស​ពិការ​មាន​អាយុ ៦​ឆ្នាំ​ម្នាក់៕

RFA
ដោយ សុ ជីវី

​ចិន​៖ គម្រោង​ខែល​ការពារជាតិ THAAD អាមេរិក​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អស្ថិរភាព​ឧបទ្វីប​កូរ៉េ​



បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់​។

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ៉េ និង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​គោលនយោបាយ​ប្រឆាំងនឹង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ជាងនេះទៅទៀត​នោះ ប្រមុខ​ការពារជាតិ​ដែល​ទើប​ស្បថ​កាន់តំណែង​រូបនេះ ថែមទាំង​ផ្ញើ​សារ​ដល់​ប្រទេស​ក្នុង​តំបន់ ដែល​តែងតែ​បារម្ភ​ពី​វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។ «​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ពី​ការ​ផែនការ​ដំឡើង​នេះ​។ ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន នៅ​ថ្ងៃទី ០៣ កុម្ភៈ បាន​ហៅ​ផែនការ​នោះ ថា «​ជាការ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​មិនមាន​ច​រិ​ក​លក្ខណៈ​ណាមួយ​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​បញ្ឈប់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​»៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល